តើវិនិយោគិនត្រូវសិក្សាលើចំណុចអ្វីខ្លះ ទៅលើការសិក្សាលម្អិតលើពាណិជ្ជកម្ម?
វិនិយោគិនត្រូវផ្ដោតជាងគេ នៅពេលសិក្សាលម្អិតនោះមានដូចជា ១).ទំហំទីផ្សារ, ២).អតិថិជនស្នូលរបស់អាជីវកម្ម, ៣). ស្ថានភាពប្រកួតប្រជែងក្នុងទីផ្សារ ៤). កត្តាជំរុញកំណើនអាជីវកម្មនាំមុខ និង៥).ការព្យាករណ៍ទៅលើកំណើនសក្ដានុពល។
១). ទំហំទីផ្សារ
ទំហំទីផ្សាររបស់អាជីវកម្មមួយសម្ដៅទៅលើចំនួនសរុបនៃអ្នកប្រើប្រាស់ទំនិញឬសេវាកម្មនោះដែលមានស្រាប់ រួមជាមួយនឹងចំនួនអ្នកប្រើប្រាស់សក្ដានុពលក្នុងទីផ្សារជាក់លាក់ណាមួយ។ ហើយនៅពេលធ្វើការសិក្សាលម្អិតលើពាណិជ្ជកម្ម វិនិយោគិនគួរចាប់ផ្ដើមសិក្សាមុនគេទៅលើទំហំទីផ្សាររបស់អាជីវកម្ម ដើម្បីឱ្យពួកគេអាចមើលឃើញពីសក្ដានុពលភាពរីកចម្រើនរបស់ផលិតផល និងសេវានោះ។
២). អតិថិជនស្នូលរបស់អាជីវកម្ម
អតិថិជនស្នូលជាគុណតម្លៃរយៈពេលវែងរបស់អាជីវកម្ម ដែលជាចលករជំរុញផង និងគាំទ្រផងសម្រាប់អាជីវកម្មទាំងមូល ទាំងពេលបច្ចុប្បន្ន និងទៅពេលខាងមុខ។ អាជីវកម្មដែលកំណត់អតិថិជនស្នូលរបស់ខ្លួនបានត្រឹមត្រូវ ជាអាជីវកម្មដែលជោគជ័យមួយផ្នែកធំ ដោយពួកគេអាចនឹងមានភាពងាយស្រួលក្នុងការធ្វើទីផ្សារបានត្រឹមត្រូវ និងទទួលបានប្រសិទ្ធភាពប្រសើរផងដែរ។ ជាពិសេស គេអាចផ្ដល់គុណតម្លៃដែលអតិថិជនត្រូវការបានចំគោលដៅជាងអាជីវកម្មដែលមិនបានកំណត់។
៣). ស្ថានភាពប្រកួតប្រជែងក្នុងទីផ្សារ
ស្ថានភាពទីផ្សារជាកត្តាដែលអាចជះឥទ្ធិពលផ្ទាល់ដល់ចំណែកទីផ្សារដែលអាជីវកម្មមាន។ ជាក់ស្ដែង ប្រសិនបើទីផ្សារនោះពោពេញដោយភាពប្រជែងខ្ពស់ វាអាចនឹងធ្វើឱ្យអាជីវកម្មដែលនៅក្នុងទីផ្សារនោះមានភាពលំបាកក្នុងការចាំយកចំណែកទីផ្សារពីដៃគូរប្រកួតប្រជែងដែលមានស្រាប់។
ដូច្នេះ វិនិយោគិនត្រូវសិក្សាថាតើធុរកិច្ចបង្កើតថ្មីនោះស្ថិតនៅក្នុងទីផ្សារដែលមានស្ថានភាពទីផ្សារដែលមានលក្ខណៈបែបណា?
៤). កត្តាជំរុញកំណើនអាជីវកម្មនាំមុខ
កត្តាជំរុញកំណើនរបស់អាជីវកម្មនីមួយៗមានភាពប្រែប្រួល និងប្លែកពីគ្នាដោយពឹងផ្អែកទៅតាមឬសគល់ ឬធម្មជាតិនៃអាជីវកម្ម។ ហើយកត្តាទាំងនោះអាចមានដូចជា ទីតាំង, ការផ្ដល់សេវាកម្ម, សោភ័ណ្ឌភាពពាណិជ្ជកម្ម កេរ្ដ៍ឈ្មោះជាដើម។
៥). ការព្យាករណ៍ទៅលើកំណើនសក្ដានុពល
ការព្យាករណ៍ទៅលើកំណើនសក្ដានុពលជាកត្តាសំខាន់ជាងគេក្នុងចំណោមដែលបានរៀបរាប់ ក្នុងការសិក្សាលម្អិតលើពាណិជ្ជកម្ម។ វាជាកត្តាដែលផ្គួបផ្សំគ្នារវាងកត្តាទាំង ០៤ខាងលើ ដែលរួមបញ្ចូល។ ហើយការប្រើប្រាស់ការព្យាករណ៍ទិន្នន័យយកមកសិក្សា ជាអ្វីដែលឱ្យវិនិយោគិនមើលឃើញអាជីវកម្មជាក់ច្បាស់ជាងកត្តាផ្សេងៗ។ ជាក់ស្ដែងប្រសិនបើមិនមានទិន្នន័យព្យាករណ៍ច្បាស់លាល់ អាជីវកម្មនឹងមានដំណើរការមិនច្បាស់លាស់ដូចគ្នា។