International Business Institute

ត្រូវយល់ដឹងអំពីបញ្ហាភ្នែក និងត្រួតពិនិត្យភ្នែក


ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគម អ្នកលក់ឱសថកម្ពុជា បានលើកឡើងថា ប្រជាជនគ្រប់ជាន់ថ្នាក់ ត្រូវចេះថែទាំភ្នែក ព្រោះភ្នែកគឺជាអាយុជីវិត និងត្រូវយល់ដឹងពីកត្តា ដែលបណ្តាឱ្យមានបញ្ហាភ្នែក និងក្លាយជាជំងឺ ជាពិសេសគួរតែត្រួតពិនិត្យភ្នែក ឱ្យបានទៀងទាត់ ជាសវៀងមានបញ្ហាទើបរកការព្យាបាល។

ការលើកឡើងរបស់លោកប្រធាន សមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ ប្រធាន អនុប្រធាន សមាជិកគណៈកម្មការថែទាំភ្នែក នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ នៅទីស្នាក់ការកណ្តាលសមាគម ជ្រោយចង្វារ។

លោកបានគូសបញ្ជាក់ថា គណៈកម្មការថែទាំភ្នែកនេះ គឺមានគោលដៅគាំទ្រ ទៅដល់ពលរដ្ឋក្នុងសហគមន៍, អ្នកលក់ថ្នាំពេទ្យភ្នែក, ពេទ្យភ្នែក និងមន្ទីរពេទ្យភ្នែកផងដែរ ។ ជាងនេះទៅទៀត គណៈកម្មការថែទាំភ្នែក បង្កើតឡើង ដោយមានការគាំទ្រ ពីគ្រប់អង្គភាពពាក់ព័ន្ធ និងមានតួនាទី ញែកក្រុមមនុស្សដែលងាយមានបញ្ហាភ្នែក ពីកម្រិតទាបទៅកម្រិតធ្ងន់ ដើម្បីលើកទឹកចិត្ត និងណែនាំ ក្នុងការថែទាំ ឬក៏ព្យាបាល ទៅតាមផ្នែកតាមជំនាញ ។

 

 

ក្នុងឱកាសនេះ លោកបណ្ឌិត ឡី សុភាព បានណែនាំ ឱ្យប្រធានគណៈកម្មការថែទាំភ្នែក ធ្វើការប្រមូលធាតុចូលពីពេទ្យភ្នែក និងមន្ទីរពេទ្យភ្នែកទាំងអស់នៅកម្ពុជា ក្នុងនោះរាប់បញ្ចូលទាំងអ្នកលក់ និងកាត់វែនតាផងដែរ ត្រូវធ្វើយ៉ាងណា ឱ្យគ្រប់ភាគីពាក់ព័ន្ធសហការគ្នា ដើម្បីអនុវត្តការងារ ទាំងការជួយដល់សុខមាភាពប្រជាជន ទាំងមុខរបររកស៊ី ធ្វើដូចនេះ ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធ សុទ្ធតែទទួលបានអត្ថប្រយោជន៍ ពោលគឺពលរដ្ឋអាចយល់ដឹងអំពីសុខមាភាព ។

គួរឲ្យដឹងថា កែវភ្នែកជាផ្នែកមួយដែលសំខាន់ នៃរាងកាយរបស់យើង។ ក្នុងមួយជីវិតមនុស្សយើងម្នាក់ៗ តែងតែមានបញ្ហាភ្នែកយ៉ាងហោចណាស់ក៏ម្ដងដែរ។ បញ្ហាស្រាលខ្លះអាចនឹងព្យាបាលងាយស្រួល ឯករណីខ្លះទៀតទាល់តែត្រូវការពេទ្យជំនាញ។ ដូចនេះហើយទើបមនុស្សយើងគ្រប់រូប គួរតែយកចិត្តទុកដាក់ លើការថែរក្សាសុខភាពភ្នែកឲ្យមែនទែន។

Share to
Shopping Basket