International Business Institute

សាស្ត្រាចារ្យបណ្ឌិត ឡី សុភាព ផ្ដាំផ្ញើពីវិធានសុវត្ថិភាពម្ហូបអាហារនិងភេសជ្ជៈ និងវិធានសុខាភិបាលមួយចំនួនជូនពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ


(ភ្នំពេញ)៖ ដើម្បីឱ្យឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ធានាសុខុមាលភាព លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគម អ្នកលក់ឱសថកម្ពុជា បានអំពាវនាវនិងផ្ដាំផ្ញើអំពីវិធានសុវត្ថិភាពម្ហូបអាហារនិងភេសជ្ជៈ និងវិធានសុខាភិបាលមួយចំនួនជូនប្រជាពលរដ្ឋទូទាំងប្រទេស។

លោកបសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ពីការចម្លងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាពបណ្តាលមកពីការពុលចំណីអាហារ ពុលស្រាជាដើម។

លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព បានផ្ដាំផ្ញើសូមឱ្យប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាព ដោយត្រូវលាងសម្អាតដៃ មុនចាប់កាន់ចំណីអាហារ និងលាងឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោសសម្អាត រោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ សម្អាតសម្ភារប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ ទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមទីផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានអនាម័យ និងមានសុវត្ថិភាព

លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព បានបន្តថា ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមដែលល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម កុំប្រើប្រាស់ចំណីអាហារហួសការកំណត់ប្រើប្រាស់មេតាណុលមិនមែនជាមេស្រាទេ កុំប្រើប្រាស់មេតាណុលផលិតស្រាស និងស្រាថ្នាំ បញ្ឈប់ជាដាច់ខាតនូវការលក់ដូរស្រាស ឬស្រាថ្នាំ ដែលផលិត ឬបិទ ឬលាយផ្សំមិនត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេសដាច់ខាតមិនត្រូវទិញ ឬពិសាស្រាស ឬស្រាថ្នាំ ដែលមានសារធាតុមេតាណុល បង្កគ្រោះថ្នាក់ខ្លាំងណាស់ និងបណ្តាលឱ្យបាត់បង់អាយុជីវិត។

លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព បានផ្ដាំផ្ញើបន្តថា ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង និងលើកទឹកចិត្តឱ្យប្រជាជនទូទៅអនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារខ្លួន និងក្រុមគ្រួសារ និងសូមជូនពរឱ្យបុគ្គលគ្រប់រូបជួបនូវសុខភាពល្អ សុវត្ថិភាព និងចៀសផុតនូវជំងឺផ្សេងៗ។

លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព បានលើកឡើងថា កន្លងមក ធ្លាប់មានករណីពុលចំណីអាហារ ដូចជា ពុលនំបញ្ចុក ពុលនំប៉័ងប៉ាតេ ពុលបាយកញ្ចប់សាច់ជ្រូក ឬសាច់មាន់ និងពុលស្រាជាដើម។ ភាគច្រើនការពុលចំណីអាហារបណ្តាលមកពីផលិតផលដើម មិនមានគុណភាព រៀបចំអាហារខ្វះអនាម័យ ឬរក្សាទុកមិនបានល្អត្រឹមត្រូវ ឬទុកដាក់ក្នុងចន្លោះ សីតុណ្ហភាពគ្រោះថ្នាក់ ដើម្បីសុវត្ថិភាពម្ហូបអាហារ។

ដូច្នេះហើយលោកសាស្ត្រាចារ្យបណ្ឌិត ក៏បានណែនាំនូវគន្លឹះ៥យ៉ាងក្នុងការធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាព៖

១-រក្សាឱ្យស្អាតជានិច្ច
* លាងដៃមុនរៀបចំអាហារ កាន់អាហារ បញ្ចុកអាហារ និងក្រោយពេលចេញពីបង្គន់។
* លាងសម្អាតឧបករណ៍ដាក់ចំណីអាហារ ក្រណាត់ជូត។
* ផ្ទះបាយត្រូវតែស្អាត កុំមានសត្វល្អិត កណ្តុរ និងសត្វផ្សេងៗ។

២-ទុកដាក់អាហារនៅ និងឆ្អិននៅដាច់ដោយឡែកពីគ្នា
* សាច់ឆៅ និងសាច់ឆ្អិន ដាក់ដោយឡែកពីគ្នា។
* បន្លែឆៅ និងបន្លែឆ្អិន ដាក់ដោយឡែកពីគ្នា។
* ត្រូវមានកាំបិតជ្រុញសម្រាប់ចិត ឬហាន់បន្លែ សាច់ឆៅ និងឆ្អិនផ្សេងគ្នា។

៣-ចម្អិនឱ្យបានឆ្អិនជានិច្ច
* ចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស្លាប ពងមាន់ ពងទា គ្រឿងសមុទ្រ។
* ត្រូវដាក់កម្ដៅឡើងវិញឱ្យកម្ដៅលើសពី៧០អង្សាសេ។

៤-ទុកដាក់ម្ហូបក្នុងកម្រិតកម្ដៅសុវត្ថិភាព
* កុំរក្សាទុកអាហារក្នុងកម្ដៅធម្មតាលើសពី២ម៉ោង។
* បើចង់រក្សាទុកអាហារក្នុងកម្រិតត្រជាក់ គឺត្រូវរក្សាឱ្យទាបជាង៥អង្សាសេ ទើបមានសុវត្ថិភាព ឬបើចង់រក្សាទុកអាហារក្នុងកម្រិតក្តៅ គឺត្រូវរក្សាឱ្យខ្ពស់ជាង៦០អង្សាសេ ទើបមានសុវត្ថិភាព។ មិនត្រូវទុកអាហារជាច្រើនថ្ងៃនោះទេ ទោះជាស្ថិតក្នុងកម្រិតកម្ដៅ ឬត្រជាក់សុវត្ថិភាពក៏ដោយ។

៥-ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារឆៅដែលស្អាត
* ប្រើប្រាស់ទឹកស្អាតសម្រាប់លាងសម្អាត។
* ជ្រើសរើសអាហារឆៅដែលស្រស់ និងនៅទាំងមូល។
* ជ្រើសរើសទឹកដោះគោឆៅដែលបញ្ជាក់ថា បានសម្លាប់មេរោគ និងសម្អាតជាតិពុលអស់។ កុំប្រើប្រាស់ចំណីអាហារហួសការកំណត់៕

Share to
Shopping Basket