International Business Institute

for
Leadership International Program

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា លើកទី៥


ភ្នំពេញ៖ កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា លើកទី៥
នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សួន រិនឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ឯកឧត្តម ង៉ែត ចដ្តាវី អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ឧកញ៉ា លី ហួរ អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងលោកសមូហកបណ្ឌិត ឡី សុភាព ប្រធានប្រតិបត្តិសហព័ន្ធវិនិយោគិនកម្ពុជា ព្រមទាំងសមាជិក សមាជិកា ដែលជាថ្នាក់ដឹកនាំតាមផ្នែកតាមវិស័យផងដែរ៕
ក្នុងនោះលោកសមូហកបណ្ឌិត បានថ្លែងក្នុងកិច្ចប្រជុំថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល ក្នុងវិស័យឯកជន បានធានាអះអាង ជួយដោះស្រាយ បញ្ហានានា ជាពិសេសការពិគ្រោះប្រឹក្សា ទៅលើបញ្ហាផ្លូវច្បាប់ ក៏ដូចជាផ្តល់ចំណេះដឹងផ្សេងៗ ទាក់ទងនឹងការវិនិយោគ នៅកម្ពុជា មិនថាវិនិយោគិនជាតិ ឬអន្តរជាតិ ដើម្បីជម្រុញ ឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ ស្មើមុខស្មើមាត់ នៅក្នុងតំបន់ ។

លោកសមូហកបណ្ឌិត ឡី សុភាព បានលើកឡើង ក្រោយកិច្ចប្រជុំសាមញ្ញ របស់ក្រុមព្រឹក្សាភិបាល សមាគមសហព័ន្ធ វិនិយោគិនកម្ពុជា លើកទី៥ នៅសណ្ឋាគារ ហាយស្គាយ ដោយបានទទូច សូមឲ្យសហគ្រិនភាពទាំងអស់ មិនថា វិនិយោគិន ពាណិជ្ជករ អាជីវករកម្ពុជា មុននឹងធ្វើអ្វីមួយ ត្រូវពង្រឹងសមត្ថភាព ចំណេះដឹង និងយល់អំពីច្បាប់ និងសិក្សាឲ្យបានច្បាស់ ។ ប្រសិនបើមិនបានដឹង ពីព័ត៌មានទាំងអស់នេះ អាចជួបជាមួយគណៈកម្មាធិការ នៅក្នុងវិនិយោគិន នោះសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា នឹងធ្វើការជួយ ដោះស្រាយ ឲ្យតែអ្នកមករកស៊ីនៅកម្ពុជា និយាយរួម សំដៅចំពោះ អ្នកដែលរកស៊ីនៅកម្ពុជា ទាំងជាតិខ្មែរ ទាំងបរទេស មានបញ្ហាអ្វី យើងជួយដោះស្រាយបាន ឲ្យតែរកស៊ីក្នុងស្រុកខ្មែរ ហើយស្របច្បាប់ យើងនឹងរកវិធីជួយ ឲ្យអស់ពីលទ្ធភាព ដើម្បីសម្រេចបាន ។

ក្នុងនោះដែរ លោកសមូហកបណ្ឌិត ឡី សុភាព បានឲ្យដឹងថា សមាគមសហព័ន្ធ វិនិយោគិនកម្ពុជា បានដាក់ចេញផែនការ យុទ្ធិសាស្ត្រ រយៈពេលវែង ដំណាក់កាលទី១ ប្រាំឆ្នាំបន្ទាប់ ត្រូវធ្វើយ៉ាងណា ដើម្បីរុញកម្ពុជា ទៅជាប្រទេសមួយអភិវឌ្ឍ ស្មើមុខស្មើមាត់ នៅក្នុងតំបន់ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។

លោកបន្តថា ជាទិសដៅទៅមុខ យើងខិតខំពង្រីកសាខា ទៅតាមវិស័យសំខាន់ៗ មួយចំនួនទៀត ទៅតាមលទ្ធភាពជាក់ស្តែង និងប្រមូលកម្លាំងទៅតាមវិស័យ ផ្នែកអោយបានច្រើន ព្រមជាមួយនោះ ប្រឹងប្រែងបណ្តុះបណ្តាល បង្កើនសមត្ថភាព ទាំងជំនាញទន់ និងទំនាញរឹង ។

ទន្ទឹមនឹងនោះ សមាគមសហព័ន្ធ វិនិយោគិនកម្ពុជា ក៏បានដាក់ចេញ នូវគោលនយោបាយ ផែនការសកម្មភាព ជាអាទិភាព ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ សមាគមសហព័ន្ធ វិនិយោគិនកម្ពុជា ដំណាក់កាលទី១ ចំនួន ផ ៣ រួមមាន៖

ទី១(ផ)ផ្តើម៖ -រៀបចំរចនាសម្ព័ន្ធ ចាត់តាំងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង តាមផ្នែកតាមវិស័យ, -រៀបចំកសាង ស្ថាប័ន អង្គការ សមាគម និងដៃគូរអភិវឌ្ឍន៍ ក្នុងវិស័យឯកជន តាមផ្នែកតាមវិស័យគ្រប់កំរិត,

ទី២(ផ) ផ្តុំ -ប្រមូលផ្តុំអង្គការ សមាគម និងដៃគូរអភិវឌ្ឍន៍ តាមផ្នែកតាមវិស័យគ្រប់កម្រិត, -ប្រមូលផ្តុំវិនិយោគគិត សហគ្រិន ពាណិជ្ជករ អាជីវករ ឧស្សាហករ សិប្បករ តាមផ្នែក តាមវិស័យគ្រប់កម្រិត, -ប្រមូលផ្តុំក្រុមហ៊ុន ឧស្សាហកម្ម សហគ្រាស ធុនតូច និងមធ្យម (SME) គ្រប់កម្រិត, -ប្រមូលផ្តុំ ការវិនិយោគផ្ទាល់ ពីបរទេស (FDI)

និងទី៣(ផ)ផ្តល់ -ផ្តល់លើការកសាង សមត្ថភាព ជំនាញ និងអភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ដើម្បីបំពេញតម្រូវការ តាមមូលដ្ឋានអាជីវកម្មនីមួយៗ (សមាជិកម្នាក់ ជំនាញមួយ), -ផ្តល់កម្មវិធី និងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ តាមផ្នែកតាមវិស័យ អាជីវកម្មនីមួយៗ តាមរយៈដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ (សមាជិកម្នាក់ អាជីវកម្មមួយ អាជីវកម្មមួយ ស្តង់ដាមួយ), -ផ្តល់ក្រុមអ្នកច្បាប់ ការការពារ ការគាំពារ និងការសហការ ជាមួយច្រកចេញចូលតែមួយ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, -ផ្តល់សេវាប្រឹក្សា ពិគ្រោះយោបល់ និងផ្តល់យោបល់ តាមផ្នែក តាមវិស័យ ស្របតាម គោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា និងផ្ដល់ឲ្យកម្មវិធីថែទាំសុខភាពដល់សមាជិកសមាជិកា ទាំងអស់គ្រ​ប់វិស័យ៕

  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

Development Partners